ម្ហូបពិសេសបំផុត ប្រចាំប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន
- 2021-04-11 21:19:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូបពិសេសបំផុត ប្រចាំប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន
ចន្លោះមិនឃើញ
គ្រប់បណ្ដាប្រទេសនានា លើពិភពលោក សុទ្ធតែមានអាហារប្រចាំប្រទេសរបស់ខ្លួន មានលក្ខណៈប្លែកៗ និងរសជាតិខុសៗពីគ្នា។ ដោយឡែកថ្ងៃនេះ Sabay សូមលើកយកពីលក្ខណៈពិសេសនៃអាហាររបស់ជនជាតិប៉ែកអាស៊ីអាគ្នេយ៍ នៅក្នុងតំបន់អាស៊ាន ទាំង១០ប្រទេសដូចខាងក្រោមនេះ៖
១.ប្រទេសកម្ពុជា
ម្ហូបខ្មែរមានលក្ខណៈស្រដៀងនឹងម្ហូប ថៃ វៀតណាម ឥណ្ឌា ចិន និងបារាំង។ ម្ហូបខ្មែរមានរសជាតិហឹរ តែមិនហឹរខ្លាំងប៉ុន្មានទេ ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណមកចូលចិត្តប្រើខ្ទិះ និងគ្រឿងទេសជាច្រើនមុខក្នុងមុខម្ហូបនីមួយៗ។ ម្ហូបពេញនិយមរបស់កម្ពុជា និងតែងតែមានវត្តមានទទួលភ្ញៀវមកពីប្រទេសនានាមានដូចជា៖ អាម៉ុក សម្លការីដែលទទួលឥទ្ធិពលពីឥណ្ឌា។
ក្រៅពីនោះជនជាតិខ្មែរក៏ចូលចិត្តទទួលទានគុយទាវ ដែលមានឥទ្ធិពលមកពីប្រទេសចិន។ លក្ខណៈពិសេសនៃម្ហូបរបស់ខ្មែរមួយទៀតនោះ គឺមិនភ្លេចឡើយបង់ប្រហុក ដែលចាស់ៗតែងនិយាយថា៖ «សម្លសម្លុក សម្លុកបង់ប្រហរសម្លបង់ប្រហុក»។
២. ប្រទេសថៃ
អាហារថៃស្ទើរតែគ្រប់មុខ ផ្សំឡើងដោយគ្រឿងទេស និងឱសថរុក្ខជាតិស្រស់ ដែលមានគុណសម្បត្តិខាងថ្នាំ និងមានក្លិនឈ្ងុយពីគ្រឿងទេស។ អាហារថៃ មានភាពខុសគ្នាទៅតាមតំបន់នីមួយៗ និងមានរសជាតិច្រើនយ៉ាងក្នុងចានតែមួយ ទាំងជូរ ផ្អែម ប្រៃ និងហឹរ តែមានរសជាតិឆ្ងាញ់។ មិនតែប៉ុណ្ណោះ អាហារថៃមានពណ៌ស្រស់ស្អាត និងផ្ចិតផ្ចង់ក្នុងការធ្វើតុបតែងដោយយកចិត្តទុកដាក់។ អាហារដ៏ពេញនិយមរបស់ថៃ គឺតុំយ៉ាំបង្កង ផាត់ថៃ តុមខាកៃ ជាដើម។
៣. ប្រទេសម៉ាឡេស៊ី
អាហារម៉ាឡេស៊ី មានលក្ខណៈពិសេស គឺប្រើឱសថរុក្ខជាតិ គ្រឿងទេស ម្ទេសហឹរ និងចូលចិត្តប្រើម្សៅការី ខ្ទិះ និងកាពិក្នុងការផ្សំគ្រឿង។ អាហារម៉ាឡេស៊ី ជាអាហារមូស្ល៊ីម ប្រើសាច់មាន់ សាច់គោ សាច់ចៀម សាច់ពពែ និងគ្រឿងសមុទ្រ ទទួលទានបាយជាអាហារគោល។ ម្ហូបពេញនិយមមានដូចជា៖ ណាស៊ី ឡឺម៉ាក (Nasi Lemak) ជាបាយដាំជាមួយខ្ទិះ និងស្លឹកតើយ ទទួលទានជាមួយត្រីចៀនស្រួយ ត្រសក់ចិតជាចំណិត ស៊ុតស្ងោ និងសណ្ដែកលីង ដែលខ្ចប់ដោយស្លឹកចេក ហើយតែងទទួលទានជាអាហារពេលព្រឹក។
៤. ប្រទេសហ្វីលីពីន
អាហារហ្វីលីពីនទទួលឥទ្ធិពល ពីសម័យអាណានិគម ទាំងអេស្ប៉ាញ ព័រទុយហ្គាល ចិន អាមេរិក។ អាហារពេញនិយមរបស់ហ្វីលីពីន គឺ ឡេសន (Lechon) ឬសាច់ជ្រូកអាំង អាដូបូ (Adobo) ជាដើម។
៥. ប្រទេសសិង្ហបុរី
ម្ហូបអាហារសិង្ហបុរី មានជាច្រើនមុខ ពីជនជាតិជាច្រើន ដូចជា៖ ចិនដែលមកពីតំបន់ហ្វូជៀន និងក្វាងទុង ម៉ាឡេ ឥណ្ឌា និងអង់គ្លេសសម័យអាណានិគម។ អាហារពេញនិយមមានដូចជា៖ បាយហៃណាំឡាក់សា (Laksa) បាក់គុតតេ (Bak Kut Teh) ឬឆ្អឹងជំនីជ្រូកខ្ចីស្ងោរ ជាមួយថ្នាំចិន ជាដើម។
៦. ប្រទេសឥណ្ឌូណេស៊ី
ជនជាតិឥណ្ឌូណេស៊ី ចូលចិត្តទទួលទានអាហារ ដែលមានរសជាតិខ្លាំង មានគ្រឿងទេសជាច្រើនប្រភេទ និងមានក្លិនធ្ងន់។ អាហារពេញនិយមមានដូចជា៖ មីកូរ៉េង (Bakmi goreng) ឬមីឆា និងកាដូកាដូ (Gado Gado)។
៧. ប្រទេសប្រ៊ុយណេ
ម្ហូបប្រ៊ុយណេស្រដៀងនឹងម្ហូបម៉ាឡេស៊ី ដែលតែងតែមានរសជាតិហឹរ ហើយគេចូលចិត្តទទួលបាយ និងគុយទាវ។ ជនជាតិប្រ៊ុយណេ ភាគច្រើនកាន់សាសនាឥស្លាម។ ដូច្នេះហើយអាហារដែលទទួលទានជាអាហារឡាល់ ដែលមានរ៉េនដាំងសាច់គោ (Beef rendang) និងអាប៊ូយ៉ាត់ (Ambuyat)។
៨. ប្រទេសឡាវ
ឡាវគ្មានផ្លូវទៅកាន់សមុទ្រ ភាគច្រើនទទួលទានត្រី សាច់ជ្រូក បន្លែផ្សេងៗ និងបាយដំណើប។ អាហារពេញនិយមមានដូចជា៖ បុកល្ហុង នំបញ្ចុក ស៊ុបទំពាំង ឡាប មាន់អាំង និងបាយដំណើប។
៩. ប្រទេសមីយ៉ាន់ម៉ា
អាហាររបស់ភូមា ទទួលឥទ្ធិពលពីឥណ្ឌា ចិន ឡាវ និងថៃ ដែលភាគច្រើនមានគ្រឿងផ្សំពីសណ្ដែក ល្ង និងបន្លែ។ អាហារពេញនិយម របស់ភូមាមានដូចជា ឡាផេត (Lahpet) ដោយទទួលទានតែជ្រក់ជាមួយខ្ទឹមបំពង សណ្ដែកប្រភេទផ្សេងៗ ល្ងលីង បង្គាក្រៀម ខ្ញី ដួងលីងជាដើម។
១០. ប្រទេសវៀតណាម
អាហារវៀតណាម មានលក្ខណៈពិសេសជារបស់ខ្លួន និងខុសប្លែកពីគ្នាតាមតំបន់។ អាហារវៀតណាម ទទួលឥទ្ធិពលពីចិន និងបារាំង ដែលគេនិយមដាក់បន្លែជាច្រើនប្រភេទ ដូចជា៖ ស្លឹកគ្រៃ ស្លឹកជីវ៉ាន់ស៊ុយ ជីអង្កាម ជីរណា ជាដើម។ អាហារពេញនិយមរបស់វៀតណាម គឺ ហ្វឺ ណែម និងបាញ់ឆែវ៕